សេចក្តីពន្យល់

ការពន្យល់អំពីឥរិយាបថដែលមិនអាចទទួលយកបាន

ក្នុងនាមជាសិស្សនៃសាលាអន្ដរជាតិ ហ្សាម៉ាន់ អ្នកមិនអាច ៖

 • យកទូរស័ព្ទដៃ និង/ឬក៏គ្រឿងឧបករណ៍អេឡិចត្រូនិចផេ្សងទៀតចូលក្នុងថ្នាក់រៀនឡើយ ព្រោះវាអាចផ្ដល់ផលរំខានក្នុងថ្នាក់រៀន និងដល់ការសិក្សារបស់អ្នកដទៃ។
 • បោកប្រាស់ និង/ឬក៏លួចបន្លំ ៖ ការលួចចំលងនៅពេលធ្វើតេស្ដ ការលួចបន្លំស្នាដៃនិពន្ធ និង/ឬក៏ការបោកប្រាស់ផេ្សងៗទៀតដើម្បីទទួលបានពិន្ទុដោយមិនបាច់ខិតខំប្រឹងប្រែងគឺជាឥរិយាបថដែលមិនអាចទទួលយកបានឡើយ។
 • ការរំលោភបំពាន និង/ឬក៏ការប្រើកុំព្យូទ័រមិនត្រឹមត្រូវ ៖ កុំព្យូទ័រ និងកម្មវិធីកុំព្យូទ័រគឺសម្រាប់បម្រើផលប្រយោជន៍ដល់សិស្សគ្រប់រូប។ សិស្សម្នាក់ៗមិនអាចរុករើលេងកុំព្យូទ័រ ឬកម្មវិធីកុំព្យូទ័រដោយចេតនា ដែលធ្វើឱ្យសិស្សដទៃទៀតមិនអាចប្រើប្រាស់បានឡើយ។ កុំព្យូទ័រនៅក្នុងសាលាបម្រើតែគោលបំណងនៃការអប់រំតែប៉ុននោះ។ ការរំលោភបំពាន និង/ឬក៏ការប្រើប្រាស់កុំព្យូទ័រដោយមិនត្រឹមត្រូវគិតរួមបញ្ចូលទាំងការបញ្ចូលកម្មវិធីឯកជន ការពិនិត្យអ៊ីមែលផ្ទាល់ខ្លួន ឬការបើកវែបសាយ ឬគេហទំព័រដែលមិនសមរម្យ ដោយប្រើឧបករណ៍របស់សាលា។
 • ការរំខានដល់ ការសិក្សារៀនសូត្រ ៖ ការរំខានការសិក្សារួមមានឥរិយាបថដែលរារាំងសិស្សដទៃមិនឱ្យសិក្សាកើត។ ការរំខាននេះមានទាំងការប្រើភាសាមិនសមរម្យ ការញាំអាហារឬផឹកភេសជ្ជៈនៅក្នុងថ្នាក់រៀន ចរិតមានៈ និង/ឬក៏ការលក់ឬដោះដូររបស់របរផ្ទាល់ខ្លួន ជាមួយសិស្សដទៃ។
 • ការបំពានក្រមស្ដីពីការស្លៀកពាក់ ៖ សិស្សត្រូវមកសាលាក្នុងសំលៀកបំពាក់ឯកសណ្ឋាន ដែលស្របតាមបទដ្ឋានរបស់សាលា និងត្រូវមានអាកប្បកិរិយាខាងក្រៅដូចដែលបានកំណត់នៅក្នុងកូនសៀវភៅសិស្ស។
 • ផ្ដល់ព័ត៌មានមិនពិតអំពីការប្រកាសអាសន្នថាមានអគ្គិភ័យ ៖ សិស្សណាដែលផ្ដល់ពត៌មានមិនពិតអំពីការប្រកាសអាសន្នថាមានអគ្គិភ័យកើតឡើងអាចត្រូវទទួលខុសត្រូវចំពោះមុខអាជ្ញាធរមានសមត្ថកចិ្ច។ ចំពោះការដាក់វិន័យជាពិសេសក្នុងករណីមានគ្រោះថ្នាក់កើតឡើង អាចនឹងត្រូវជាប់ពន្ធនាគារ។
 • ការវាយប្រយុទ្ធគ្នា ៖ សាលាមិនមែនជាកន្លែងណាត់ប្រយុទ្ធគ្នានោះទេ ទោះបីជាការ ប្រយុទ្ធនោះកើតឡើងនៅលើទីធ្លា ឬ នៅក្រៅទីធ្លាសាលាក៏ដោយ។ ការប្រយុទ្ធគ្នាប៉ះទង្គិចផ្នែករូបរាងកាយដោយសារកំហឹង ទោះប្រើដៃ ឬ អាវុធ។ សិស្សគ្រប់រូបដែលពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នានឹងត្រូវដាក់វិន័យ។ ការបំពានដល់អ្នកដទៃនឹងត្រូវចាត់ទុកជាបទល្មើសដោយមិនអាចដោះសារបានឡើយចំពោះសិស្សទាំងអស់ដែលពាក់ព័ន្ធនៅក្នុងការវាយប្រយុទ្ធនោះ។
 • ការក្លែងបន្លំឯកសារ ៖ ការប៉ុនប៉ងដោយសិស្សណាម្នាក់ក្នុងការចុះហត្ថលេខាបន្លំជាគ្រូបង្រៀន អ្នករដ្ឋបាល ឪពុកម្ដាយ ឬអាណាព្យាបាល និង/ឬក៏បន្លៃជាសិស្សផ្សេងទៀតលើឯកសារនានានឹងត្រូវចាត់ទុកជាការក្លែងបន្លំឯកសារ។
 • ការលេងល្បែង ៖ ការលេងល្បែងរួមមានទាំងការលេងបៀរ ការចាក់គ្រាប់ឡុកឡាក់ និងប្រភេទល្បែងផ្សេងទៀតដែលពាក់ព័ន្ធដល់ការផេ្ទរលុយកាក់ ឬទ្រព្យសម្បត្ដិផ្ទាល់ខ្លួន ឬប្រាក់ជំនួយពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។
 • ការយាយីចំពោះសិស្សដទៃ និង/ឬក៏គ្រូបង្រៀន អ្នករដ្ឋបាល ឬបុគ្គលិកសាលា ៖ ការយាយីជាឥរិយាបទដែលពុំមានការស្វាគមន៍ឡើយ ឬជាទម្រង់នៃការប៉ះពាល់រូបរាងកាយដែលមិនសមរម្យ ការនិយាយស្ដី និងការប្រើពាក្យសំដី ឬសកម្មភាពដែលបង្កភាពប្រទូស្ដរាយ បំភិតបំភ័យ ឬរំលោភបំពានដល់បរិយាកាសនៃការសិក្សារៀនសូត្រ។ ការយាយីបំពានការប្ដេជ្ញារបស់សាលាក្នុងការផ្ដល់បរិស្ថានសិក្សាសុវត្ថិភាពទាំងរាងកាយ និងសតិអារម្មណ៍។
 • ការជក់បារី ឬការប្រើផលិតផលថ្នាំជក់ និង/ឬក៏ការនាំយកផលិតផលបែបនោះចូលសាលា ៖ នេះរួមមានបារី ស៊ីហ្គា ស្មៅជក់ និងថ្នាំជក់ឥតផ្សែង។ ការយកតាមខ្លួននូវផលិតផលថ្នាំជក់ទុកក្នុងកាបូបដៃឬនៅក្នុងទូសោរ គឺត្រូវបានហាមឃាត់ដាច់ខាតក្រោមគោលការណ៍។
 • ការលួច និង/ឬក៏ការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិឯកជន ឬទ្រព្យសម្បត្ដិសាលា ៖ រួមមានការបង្កការខូចខាត ឬការព្យាយាមបង្កការខូចខាតដល់ទ្រព្យសម្បត្ដិឯកជន ឬការលួច ឬការប៉ុនប៉ងលួចទ្រព្យសម្បត្ដិឯកជន ទោះបីជានៅក្នុងទីធ្លាសាលារៀនក្ដី ឬនៅពេលបំពេញការងារ ឬចូលរួមសកម្មភាពរបស់សាលាក្ដី។ សិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល សិស្សត្រូវទទួលខុសត្រូវចំពោះអំពើចោរកម្ម ឬការបំផ្លិចបំផ្លាញលើទ្រព្យសម្បត្ដិដែលសិស្សបង្កឡើង។
 • ការបង្ហាញឥរិយាបថគំរាមកំហែង ៖ ឥរិយាបថគំរាមកំហែងអាចរួមមានទាំងការគំរាមកំហែងតាមពាក្យសម្ដីដោយនៅចំពោះមុខឬតាមរយៈព័ត៌មានអេឡិចត្រូនិច (ទូរស័ព្ទ និង/ឬកុំព្យូទ័រ) និងការគំរាមកំហែងដែលមិនមែនជាពាក្យសម្ដី ដូចជាការសម្លក់សម្លឹង និងការធ្វើកាយវិការជាដើម ដែលធ្វើឱ្យ ឬប៉ុនប៉ងធ្វើឱ្យសិស្ស គ្រូបង្រៀន បុគ្គលិករដ្ឋបាល ឬ បុគ្គលិកឯទៀតមានអារម្មណ៍ភ័យខ្លាច ឬត្រូវគេបំភិតបំភ័យ។
 • ការគេចសាលា ៖ ការគេចសាលាគឺជាការមិនចូលរៀនដោយគ្មានការអនុញ្ញាតពីសាលា និងពីឪពុកម្ដាយ។ ការគេចសាលាជារឿយៗមានន័យថាសិស្សអវត្ដមានមិនចូលសាលាចាប់ពី ១០ ទៅ ១៥ ថ្ងៃជាប់ៗគ្នាក្នុងមួយឆមាស។
 • ការនាំយកអាវុធគ្រប់ប្រភេទចូលសាលា ៖ គិតរួមទាំងអាវុធធម្មតាដូចជាកាំភ្លើង គ្រាប់កាំភ្លើង កាំបិត ដំបង លំពែង ត្មោងដែកគោល ឬឧស្ម័នបង្ហូរទឹកភ្នែក ឬសារធាតុគីមីពុលផេ្សងៗ។ អាវុធអាចរួមមានវត្ថុចំលងដែលធ្វើដូចអាវុធពិតផងដែរ។ វាក៏មានរួមបញ្ចូលទាំងវត្ថុធម្មតាដែលគេអាចប្រើបានខុសពីលក្ខណៈដើម ដើម្បីគំរាមកំហែង ឬធ្វើបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ការិយាល័យរដ្ឋបាលសូមរក្សាសិទ្ធិចំពោះរាល់ការធ្វើសេចក្ដីសម្រេចចិត្ដទាក់ទងនឹងនិយមន័យនៃពាក្យ “អាវុធ” ។ បុគ្គលិកសាលាអាចឆែកឆេរនៅក្នុងកាតាបដាក់សៀវភៅ កាតាប អាវនិង/ឬក៏ប្រដាប់ប្រដាដាក់អីវ៉ាន់ផេ្សងៗទៀត ប្រសិនបើមានការសង្ស័យថាមានលាក់អាវុធប្រភេទណាមួយនោះ។