អំពី ZIS

About Zaman International School

សាលាអន្តរជាតិហ្សាម៉ាន់ ហៅកាត់ថា ZIS គឺជាសាលាអន្តរជាតិឯករាជ្យធំមួយនៅកម្ពុជា និងមានសិស្សជាង ១១០០នាក់។ ការប្រើប្រាស់ថវិកាត្រូវបានរៀបចំ ត្រួតពិនិត្យ និងធ្វើសវនកម្ម ជារៀងរាល់ឆ្នាំ ដោយក្រុមប្រឹក្សាភិបាលសាលា។ សាលាមានបុគ្គលិករដ្ឋបាល និងគ្រូបង្រៀនមកពីប្រទេសចំនួនជាង៩ខុសៗគ្នា ហើយគ្រូបង្រៀនជាមធ្យមមានបទពិសោធន៍ចាប់ពី១០ឆ្នាំឡើងទៅ។

គោលដៅចម្បងរបស់យើងគឺផ្ដោតសំខាន់ទៅលើភាពជាអន្តរជាតិនិយម ដើម្បីបង្កើតពលរដ្ឋពិភពលោកដែលមានចិត្តបើកទូលាយ មានទស្សនអន្តរជាតិ មានជំនឿលើខ្លួនឯង និងមនសិការ ព្រមទាំងអាចដើរតួជាអ្នកដឹកនាំ និងជាសមាជិកក្រុមនៅក្នុងសង្គមទូទាំងពិភពលោក។

សាលាអន្តរជាតិហ្សាម៉ាន់ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិ ដែលហៅជាភាសាអង់គ្លេសថា “Council of International School”។ សាលាអន្តរជាតិហ្សាម៉ាន់ក៏មានការទទួលស្គាល់ពីមជ្ឈមណ្ឌលសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជផងដែរ។ សិស្សានុសិស្សរបស់សិស្សអាចប្រឡងតេស្ដខេមប្រ៊ីជ និងទទួលវិញ្ញាបនបត្របញ្ជាក់ពីការប្រឡងដ៏ល្បីឈ្មោះលំដាប់ពិភពលោកនេះ។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលាអន្តរជាតិហ្សាម៉ាន់អាចចូលរៀននៅសាកលវិទ្យាល័យនានាជុំវិញពិភពលោក ដូចជានៅប្រទេសអូស្រ្តាលី ជប៉ុន នូវែលសេឡង់ អាមេរិក តួកគី និងប្រទេសជាច្រើនទៀត។

សាលាអន្តរជាតិហ្សាម៉ាន់ផ្ដល់ការអប់រំពេញមួយថ្ងៃ ព្រមទាំងមានកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្ស អាយុចាប់ពី៤ឆ្នាំដល់១៨ឆ្នាំ ដែលមានបំណងចង់បានការសិក្សាលំដាប់អន្តរជាតិនៅទីក្រុងភ្នំពេញ។ បរិក្ខារសិក្សារបស់សាលា នៅសាខាវិទ្យាល័យមានដូចជាតារាងបាល់បោះ បាល់ទះ បាល់ទាត់ បណ្ណាល័យ អន្តេវាសិកដ្ឋាន និងបន្ទប់ធនធានសម្រាប់មុខវិជ្ជា ដូចជារូបវិទ្យា ជីវវិទ្យា និងគីមីវិទ្យា បន្ទប់កុំព្យូរទ័រ កន្លែងសំដែង ថ្នាក់រៀនធំទូលាយបំពាក់ដោយម៉ាស៊ីនត្រជាក់ បន្ទប់សិល្បៈ បន្ទប់តន្ត្រី និងកង់ទីន ដែលស្ថិតលើផ្ទៃដីចំនួន៧៦០០ម២​ 

ការអប់រំនៅសាខាមត្តេយ្យសិក្សានិងបឋមសិក្សាផ្ដោតសំខាន់លើសន្តិសុខ សុវត្ថិភាព និងភាពរីករាយរបស់កុមារ ទន្ទឹមនឹងការកសាង និងអភិវឌ្ឍសាលា។ ថ្នាក់រៀនមានលក្ខណៈធំទូលាយដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ប្លាស្មា (plasma) ម៉ាស៊ីនបញ្ចាំងស្លាយ  និងក្ដារខៀនឆ្លាតវៃ រួមទាំងបរិក្ខារប្រើប្រាស់ដែលរៀបចំយ៉ាងពិសេស ហើយកម្មវិធីសិក្សាអន្តរជាតិត្រូវបានរៀបចំដោយមានការយកចិត្តទុកដាក់ និងមានបុគ្គលិករួសរាយរាក់ទាក់។ យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សនឹងចូលចិត្តសាលានិងមានអារម្មណ៍ថា សាលាដូចជាផ្ទះរបស់ពួកគាត់អ៊ីចឹងដែរ។

រីឯបរិក្ខារនៅសាខាបឋមសិក្សាវិញរួមមានកន្លែងកុមារកម្សាន្ត (ទាំងបិទជិតនិងទាំងបើកចំហ) អាងហែលទឹក កន្លែលកុមារលេង បណ្ណាល័យ គិលានដ្ឋាន បន្ទប់ធនធានសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត បន្ទប់របាំ បន្ទប់កុំព្យូទ័រ បន្ទប់ភាពយន្តធំទូលាយ បន្ទប់សាលប្រជុំ ថ្នាក់រៀនធំទូលាយបំពាក់ដោយម៉ាស៊ីនត្រជាក់ បន្ទប់សិល្បៈ បន្ទប់តន្រ្តី បន្ទប់លេង និងកង់ទីន។

សាលាអន្តរជាតិហ្សាម៉ាន់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយមានលោក Atilla Yusuf Guleker ជាស្ថាបនិក និងត្រូវបានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។ សាលាក៏ជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិ (Council of International School) ផងដែរ។ គិតចាប់ពីឆ្នាំ១៩៩៧ ដល់២០០៥ សាលាមានទីតាំងនៅអគារកែច្នៃពីរកន្លែងក្នុងទីប្រជុំជននិងផ្ដល់ភាពងាយស្រួល ដែលស្ថិតនៅផ្លូវលេខ៧១ មហាវិថីម៉ៅសេទុង ជិតកែងមហាវិថីព្រះមុនីវង្ស។

បច្ចុប្បន្ន សាលាអន្តរជាតិហ្សាម៉ាន់ សាខាវិទ្យាល័យមានអគារទំនើបដែលស្ថិតនៅជាប់ស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់។ រីឯសាខាមត្តេយ្យសិក្សា និងបឋមសិក្សាវិញ (រួមទាំងសាកលវិទ្យាល័យ) ស្ថិតនៅក្នុងសង្កាត់ទួលគោក។ សាខាទាំងអស់សុទ្ធតែមាន​បរិក្ខារប្រើប្រាស់ដ៏អស្ចារ្យដែលរៀបចំឡើងដើម្បីបម្រើដល់តម្រូវការសិក្សារបស់សិស្សានុសិស្ស។