សារស្វាគមន៍ពីប្រធានក្រុមប្រឹក្សាភិបាល

លោកជំទាវ ជា សុផាកន្នី

ជូនចំពោះមិត្តអ្នកអាន

នាងខ្ញុំមាន​សេចក្តី​រីករាយស្វាគមន៍លោកអ្នកមកកាន់សាលាអន្តរជាតិហ្សាម៉ាន់។ ដំណើរការសាលាយើងខ្ញុំចាប់ផ្ដើមក្នុងលក្ខណៈជាបណ្ដុំការិយាល័យសាមញ្ញ​​ ដែលបើកជាសាលានៅក្នុងទីក្រុងភ្នំពេញ នាឆ្នាំ១៩៩៧។ ទោះបីសម្ភារបរិក្ខារប្រើប្រាស់របស់យើងនៅខ្វះខាតខ្លះនៅគ្រានោះក្ដី ក៏យើងបានជំនួសមកវិញនូវភាពពុះពារក្នុងការបង្កើតគ្រឹះស្ថានអប់រំមួយដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្អូនៗសិស្សានុសិស្សដ៏វៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជាថ្នាលបណ្ដុះមួយប្រកបដោយគុណភាព។

សាលាអន្តរជាតិហ្សាម៉ាន់ ត្រូវបានគ្រប់គ្រង និងបើកដំណើរការដោយរូបខ្ញុំផ្ទាល់តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនហ្សាម៉ាន់ ខូអិលធីឌី។ សាលានេះបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវគុណភាពអប់រំលំដាប់អន្តរជាតិដល់យុវជនកម្ពុជា ស្របទៅនឹងការកើនឡើងនៃតម្រូវការនៃការអប់រំ យើងបានបង្កើនគ្រឿងបរិក្ខារ ពង្រីកមហិច្ឆតា និងលះបង់គ្រប់បែបយ៉ាងទៅតាមលទ្ធភាព ដើម្បីកសាងស្នាដៃមួយដែលនឹងមានអាយុកាលយូរអង្វែង និងបម្រើដល់គោលបំណងរបស់ពួកយើងយ៉ាងពេញលេញ។ បច្ចុប្បន្ន សាលារបស់យើងមានសិស្សជាង១២០០នាក់ កំពុងសិក្សានៅសាខាទាំងបី ដែលកំពុងពង្រីកខ្លួនឥតឈប់ឈរ និងបន្តការអភិវឌ្ឍនៅក្នុងរាជធានី។

ការចូលរួម និងជោគជ័យរបស់សិស្សពីការប្រកួតប្រជែងលំដាប់អន្តរជាតិ ជាអាទិ៍ការប្រកួតគណិតវិទ្យា ​និងវិទ្យាសាស្រ្ត គឺជាធាតុគន្លឹះនៃភាពរុងរឿងជានិច្ចនិរន្តរ៍របស់យើង។ បទពិសោធន៍ទាំងនោះមិនត្រឹមតែផ្ដល់ឱ្យសិស្សយើងនូវចំណេះដឹង និងគំនិតប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ភាពជឿជាក់លើសមត្ថភាពដើម្បីបន្ត និងសម្រេចបាននូវជោគជ័យផ្សេងៗទៀត ដែលពួកគាត់ប្រាថ្នាចង់បានក្នុងជីវិត ទន្ទឹមនឹងការជួយដល់ការអភិវឌ្ឍក្នុងភាពជាពលរដ្ឋសកលប្រកបដោយគុណតម្លៃក្នុងការចេះជួយ  អាសារអ្នកដទៃ។

គ្រឿងបរិក្ខារទំនើបទាន់សម័យបូករួមនឹងគ្រូបង្រៀនដែលមានសមត្ថភាព និងការលើកទឹកចិត្តខ្ពស់ បានជួយឱ្យយើងបំពេញបាននូវតម្រូវការអប់រំរបស់សិស្សម្នាក់ៗ។ សិស្សានុសិស្សរបស់យើងនៅគ្រប់សាខា មានឱកាសសិក្សាក្នុងបរិយាកាសវិជ្ជមានដែលសម្រួលដល់ការរៀនសូត្ររបស់ពួកគេ។ បន្ទប់ថ្នាក់រៀននីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ និងក្ដារខៀនបច្ចេកវិទ្យា(Smart board) ដើម្បីធានាថា មជ្ឈដ្ឋានសិក្សាដែលទំនើបនឹងជំរុញការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព និងជួយអភិវឌ្ឍន៍ការយល់ដឹងរបស់ពួកគេ ឱ្យក្លាយជាពលរដ្ឋសកល។

យ៉ាងណាមិញ ជាការពិត យុត្តិកម្មលើកម្លាំង និងស្មារតីមិនចេះនឿយហត់ គឺមានច្រើនជាងនេះទៅទៀត ទាក់ទិននឹងឯកសិទ្ធិមុខតំណែងដែលនាងខ្ញុំមាននៅក្នុងស្ថាប័ននេះ។ ក្នុងនាមជាថ្នាក់ដឹកនាំសាលារៀន យើងមានមោទនភាពក្នុងការចូលរួមជួយសហគមន៍ដែលយើងកំពុងរស់នៅ។ បុគ្គលិកបម្រើការគ្រប់រូបប្រកាន់ជំនឿថា ពួកគាត់ប្រើកម្លាំងជំរុញ ដើម្បីការងារសប្បុរសធម៌ និងការស្រលាញ់មនុស្សជាតិ។ យើងមានបំណងធ្វើឱ្យប្រាកដថា សិស្សរបស់យើងសម្រេចបាននូវអ្វីគ្រប់យ៉ាងទៅតាមមុខវិជ្ជាដែលពួកគេមានទេពកោសល្យ តាមរយៈការបញ្ចប់ការសិក្សានៅសាលារបស់យើង ហើយក្លាយខ្លួនជាពលរដ្ឋពោរពេញដោយការអភិវឌ្ឍ ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការបម្រើ និងជួយដល់អ្នកដទៃដែលពុំមានវាសនាដូចខ្លួន ទៅតាមឱកាស និងលទ្ធភាពរៀងៗខ្លួន។

ប្រសិនបើគ្មានក្រុមគ្រូបង្រៀនជាកម្លាំងចលករ បុគ្គលិកជំនួយបច្ចេកទេសដ៏អស្ចារ្យ សិស្សដែលប្ដេជ្ញា និងមាតាបិតាដែលលះបង់ នោះសាលារបស់យើងនឹងពុំអាចសម្រេចបាននូវសមិទ្ធផលដូចបានបញ្ជាក់ខាងលើនេះឡើយ។ ការរួបរួមគ្នានៃបុគ្គលដែលប្តេជ្ញាលើការអប់រំ គឺជាប្រការមួយដ៏អស្ចារ្យយ៉ាងពិតប្រាកដ។ វាត្រូវផ្ដល់និយមន័យថា សាលាយើងជាអ្វី ដែលបុគ្គលគ្រប់រូបរបស់សាលាគួរគិតត្រិះរិះរកគ្រប់វិធី និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីកុមារគ្រប់រូបដែលសាលាអនុញ្ញាតឱ្យចូលរៀន។

ក្នុងការបន្តការលះបង់ដើម្បីគុណភាពលើការបង្រៀន យើងបានប្រើប្រាស់កម្មវិធីសិក្សាដែលគេទទួលស្គាល់ជាអន្តរជាតិ និងដែលយើងយល់ឃើញថាជួយពួកយើងនិងសិស្សឱ្យបន្តតាមទាន់ការអភិវឌ្ឍចុងក្រោយបង្អស់នៅក្នុងពិភពនៃការអប់រំ។ កម្មវិធីសិក្សាខេមប្រ៊ីជ IGCSE និង A Level ផ្ដល់នូវគុណភាពអប់រំកាន់តែខ្ពស់អស្ចារ្យទៅតាមចំណុចដែលយើងអាចជួយសិស្សលើការសិក្សារៀនសូត្រ។ កម្មវិធីសិក្សាទាំងនេះមិនត្រឹមតែធានាថា សិស្សនឹងមានគុណវុឌ្ឍិខ្ពស់បំផុត កាលបើពួកគាត់ចង់បន្តការសិក្សានៅបរទេសប៉ុណ្ណោះទេ តែក៏មានន័យផងដែរថា នៅពេលដែលពួកគាត់ចាប់ផ្ដើមអាជីពនៅក្នុងប្រទេសកម្ពុជា ប្រទេសជាតិយើងនឹងទទួលបានបុគ្គលដែលមានជំនាញ និងមានសមត្ថភាពអាចតាមទាន់ប្រទេសឧស្សាហកម្មធំៗបំផុតរបស់ពិភពលោកលើគ្រប់វិស័យ។

សាលាផ្ដល់ឱ្យសិស្សនូវជម្រើសក្នុងការសិក្សាកម្មវិធីសិក្សាអន្តរជាតិសុទ្ធ ខណៈសិស្សមួយចំនួនទៀតក៏អាចជ្រើសយកកម្មវិធីសិក្សាពីរភាសាផងដែរ (សិក្សាកម្មវិធីសិក្សាអន្តរជាតិនៅពេលព្រឹក និងសិក្សាកម្មវិធីសិក្សាជាតិនៅពេលរសៀល)។ ថ្នាក់អន្តរជាតិរបស់យើងបង្រៀនដោយគ្រូដែលមានសមត្ថភាពផ្ដល់នូវចំណេះដឹងលើផ្នែកវប្បធម៌ពីបណ្ដាប្រទេសផ្សេងៗដែលពួកគាត់មានដើមកំណើត ឬធ្លាប់បង្រៀននៅក្នុងប្រទេសទាំងនោះ។ សិស្សត្រូវបានបង្រៀនឱ្យយល់ដឹងពីជំនឿ និងលក្ខណៈនៃការរស់នៅរបស់សហគមន៍នានាជុំវិញពិភពលោក ហើយដំណើរការសិក្សានេះត្រូវបានលើកកម្ពស់តាមរយៈកម្មវិធីសិក្សាអន្តរជាតិដែលសិស្សានុសិស្សរបស់យើងកំពុងតែសិក្សា។

ការប្តេជ្ញាសម្រេចបាននូវស្ដង់ដាអន្តរជាតិនាំឱ្យសាលាពង្រីកនូវសមាជិកភាពនៅតាមស្ថាប័នល្បីឈ្មោះជាច្រើននៅលើពិភពលោកដូចជា CAIE (ការវាយតម្លៃការអប់រំអន្តរជាតិរបស់ខេមប្រ៊ីជ) ​និង CIS (ក្រុមប្រឹក្សាសាលាអន្តរជាតិ) ។

គ្រាន់តែលោកអ្នកចំណាយពេលខ្លះក្នុងថ្ងៃសិក្សារបស់សិស្ស ដើម្បីមកទស្សនាសាខាណាមួយរបស់សាលាយើងខ្ញុំ នោះលោកអ្នកនឹងបានឃើញ និងជ្រាបថា លក្ខណៈចម្រុះនៃគ្រូអន្តរជាតិរបស់យើង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់បុគ្គលិកគ្រប់រូបរបស់សាលាយើង បានបង្កើតឱ្យមាននូវមជ្ឍដ្ឋានសិក្សាមួយដែលមានលក្ខណៈពិសេសគ្មានគូប្រៀប។

ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ

លោកជំទាវ ជា សុផាកន្នី